ព័ត៍មាន

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រារព្ធពិធីបញ្ចប់ការសិក្សា លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ និងតូច ក្នុងវិស័យកសិកម្ម!
03 Jan,2025

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រារព្ធពិធីបញ្ចប់ការសិក្សា លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ និងតូច ក្នុងវិស័យកសិកម្ម!

ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានប្រារព្ធពិធីបញ្ចប់ការសិក្សារបស់សហគ្រាសធុនមីក្រូ និងតូច ក្នុងវិស័យកសិកម្ម ចំនួន ៤២ សហគ្រាស ដែលបានចូលរួមដោយជោគជ័យក្នុងកម្មវិធីសិក្សាពង្រឹងសមត្ថភាព ក្នុងការត្រៀមខ្លួនសម្រាប់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនវិនិយោគ។ កម្មវិធីនេះ គាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោង FEED The FUTURE – Harvest III។

តាមការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលទាំង ៦ វគ្គ ការណែនាំដោយផ្ទាល់ពីគ្រូបង្វឹក និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មជាមួយស្ថាប័នហរិញ្ញវត្ថុ និងអ្នកវិនិយោគ សហគ្រិននិងម្ចាស់អាជីវកម្ម ទទួលបាននូវការពង្រឹងសមត្ថភាព និងមានទំនុកចិត្តក្នុងការរៀបចំឯកសារពាក់ព័ន្ធ សម្រាប់ទទួលបានហិរញ្ញវត្ថុជាទុនបន្ថែម សម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។ សរុបជារួម សហគ្រិន និងម្ចាស់អាជីវកម្មចំនួន ១៣ សហគ្រាសបានទទួលហិរញ្ញប្បទានជាទឹកប្រាក់សរុបចំនួន 1,793,060 ដុល្លារអាមេរិក (1,235,060 ដុល្លារពីធនាគារ និង 558,000 ដុល្លារពីអ្នកវិនិយោគ) គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។

ក្នុងកម្មពិធីបញ្ចប់ការសិក្សារបស់សហគ្រាសធុនមីក្រូ និងតូច ក្នុងវិស័យកសិកម្ម លោកស្រី អុិត កល្យាណ អនុប្រធានគម្រោង Harvest III បានសម្តែងនូវការកោតសរសើរដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងក្រុមការងារដែលអនុវត្តគម្រោងបានយ៉ាងជោគជ័យ និងសម្រេចបានលើសពីផែនការ។ លោកស្រីបានបញ្ជាក់ថា នេះគឺជាជំនួយហិរញ្ញវត្ថុលើកទី ១ ហើយដែល Harvest III បានផ្តល់ដោយផ្ទាល់ដល់សមាគម ហើយលទ្ធផលដែលសមាគមសម្រេចបានគឺមានការលើកទឹកចិត្តយ៉ាងខ្លាំង។ លោកស្រី កល្យាណ បានសង្កេតឃើញថា ការផ្តល់មូលនិធិតាមរយៈសមាគម ជាកម្លាំងផ្គុំដ៏ខ្លាំង និងជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយទៀតក្នុងការជួយឱ្យមានផលជះវិជ្ជមានខ្លាំងដល់សហគ្រាសធុនមីក្រូ និងតូច ក្នុងវិស័យកសិកម្ម។ លោកស្រី បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការស្វែងរកកិច្ចសហការបន្ថែមទៀតជាមួយសមាគម ដើម្បីបង្កើនផលជះជាវិជ្ជមានកាន់តែច្រើនទៅលើសហគ្រាសធុនមីក្រូ និងតូច ក្នុងវិស័យកសិកម្ម។

ព្រឹត្តិការណ៏

ទិវាសហគ្រិនភាពកម្ពុជា ២០២៤
30 Jan,2025
ចុះឈ្មោះឥឡូវ
ផុតកំណត់

🎆ទិវាសហគ្រិនភាពកម្ពុជា ២០២៤🎊
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ នឹងរៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

ℹ️ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមលើកកម្ពស់សហគ្រិនភាព ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលមានសក្ដានុពល និងវិនិយោគិន។

អំពីកម្មវិធី៖
📅 ៣០ ធ្នូ ២០២៤
⏰ ០៨៖០០ ព្រឹកដល់ ១២៖០០ ថ្ងៃត្រង់
📍វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)
✍️ ចុះឈ្មោះតាមរយៈ៖ https://bit.ly/CED2024-Registration

ចុះឈ្មោះចូលរួមទាំងអស់គ្នា!